ព័ត៌មាន

កិច្ចប្រជុំទូទៅលើកទី១ - រាជធានីភ្នំពេញ ថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៦

ដៃគូគម្រោង START Cambodia ទាំងអស់បានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង ក្នុងកិច្ចប្រជុំទូទៅលើកទី១ រយៈពេលបួនថ្ងៃយ៉ាងសកម្ម ដែលរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រ និងការធ្វើម្ចាស់ផ្ទះដោយក្រសួងអប់រំ យុវជន និងកីឡា។

នៅថ្ងៃទី២២-២៤ ខែមិថុនា និស្សិត និងអ្នកជំនាញផ្នែកឧត្តមសិក្សា បានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើទិសដៅការងារទាំងបីរបស់គម្រោងដូចជា៖

១) ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុនចាប់ពីកម្រិតមធ្យមសិក្សាទុតិយភូមិ
២) ការកែសម្រួលមុខវិជ្ជាសិក្សាឆ្នាំទី១ ដើម្បីរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ និង
៣) គម្រោងការ និងរចនាសម្ព័ន្ធសាកលវិទ្យាល័យសម្រាប់ការផ្លាស់ប្តូរប្រកបដោយបរិយាបន្នទៅកាន់ឧត្តមសិក្សា។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគោលនយោបាយនៃគម្រោង START Cambodia បានបើកសម័យប្រជុំការងារលើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាអំពីសកម្មភាពចាំបាច់នានា ក្នុងគោលបំណងបង្កើតផលជះជាវិជ្ជមាននៅតាមគ្រឹះស្ថាន  ទូទាំងប្រទេស ព្រមទាំងធានានូវនិរន្តរភាពនៃការកែទម្រង់រចនាសម្ព័ន្ធដែលបានដាក់ចេញដោយគម្រោង។

កិច្ចប្រជុំទូទៅលើកទី១ នៃគម្រោង START Cambodia (START Cambodia General Meeting 1) ត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។ ទន្ទឹមនឹងនេះ សន្ទរកថាបើកកម្មវិធីត្រូវបានថ្លែងដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកបានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គបើកកម្មវិធី ជាមួយលោកស្រី Flora Bertizzolo ផងដែរ។

ខែកុម្ភៈ ឆ្នាំ២០២៦ - សម័យប្រជុំបើកដំណើរការគម្រោង

ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគម្រោងទាំងអស់ត្រូវបានបង្កើតឡើង រួមមាន៖ ក្រុមការងារគាំទ្រភាពជោគជ័យរបស់និស្សិតកម្រិតគ្រឹះស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ (UHST) អង្គភាពអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀនសម្រាប់ការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន (ITU) នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រុមប្រឹក្សាគោលនយោបាយ «ការកែទម្រង់រចនាសម្ព័ន្ធសម្រាប់ការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន» ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា (MoEYS)
គណៈកម្មាធិការដឹកនាំគម្រោង START Cambodia និងក្រុមការងារផ្សព្វផ្សាយគម្រោង START Cambodia។

ចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សម័យប្រជុំបើកដំណើរការគម្រោង START Cambodia តាមប្រព័ន្ធអនឡាញ ត្រូវបានរៀបចំឡើង ដោយផ្តោតលើរបៀបវារៈសំខាន់ៗដូចជា៖

១) ការធ្វើបទបង្ហាញទូទៅអំពីគម្រោង
២) ភារកិច្ចដែលត្រូវធ្វើដំបូង
៣) ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់គម្រោង និង
៤) សកម្មភាពដំបូងរបស់ក្រុមការងារផ្សព្វផ្សាយ

កិច្ចប្រជុំបើកដំណើរការគម្រោងនេះ មានការចូលរួមពី លោកស្រី Petronela Burceag ដែលជាមន្ត្រីគ្រប់គ្រងគម្រោង និងតំណាងគ្រឹះស្ថានដៃគូទាំងអស់សរុបចំនួន ៨៩ រូប។​ វត្តមានទាំងនេះសបញ្ជាក់ពីការចាប់ផ្តើមដ៏ល្អប្រសើរនៃដំណើរការរយៈពេល ៤ ឆ្នាំ របស់គម្រោង START Cambodia។

START Cambodia Erasmus+ project: 101235749