START Cambodia គឺជាគម្រោងនៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដោយកែលម្អលក្ខខណ្ឌដើម្បីផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយ ដល់និស្សិតគ្រប់មជ្ឈដ្ឋាន និងរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។ គម្រោងនេះមានគោលបំណងកសាងសមត្ថភាពក្នុងផ្នែកឧត្តមសិក្សាប្រភេទ CBHE Strand 3 ក្រោមកម្មវិធី Erasmus+។ គម្រោងនេះជំរុញឱ្យមានការកែទម្រង់រចនាសម្ព័ន្ធផ្នែកឧត្តមសិក្សានៅកម្ពុជា ដែលចាំបាច់សម្រាប់ធានាបាននូវការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន ការទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ជាងមុន និងការរក្សានិស្សិតឱ្យនៅបន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ក្រុមជនងាយរងគ្រោះ។
ការផ្លាស់ប្តូររចនាសម្ព័ន្ធដែលចាំបាច់ទាំងនេះ នឹងត្រូវអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដែលជាអាជ្ញាធរកំពូលនៅឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិអប់រំ (NIE) ដែលជាស្ថាប័នបណ្តុះបណ្តាលគ្រូបង្រៀនថ្នាក់ជាតិ និងគ្រឹះស្ថានឧត្តមសិក្សាឈានមុខចំនួន ៤ នៅកម្ពុជា រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST) ក្រោមការសម្របសម្រួលពីសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់ និងមានការគាំទ្រពីដៃគូអឺរ៉ុបចំនួន ៣ រួមមាន AEET, UPM និង METUដែលមានបទពិសោធន៍ខ្ពស់ក្នុងការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកបរិយាបន្ន និងសិស្សមជ្ឈមណ្ឌល។
និស្សិតថ្នាក់បរិញ្ញាបត្រមកពី RUPP, ITC, SRU និង UHST នឹងធ្វើការរួមគ្នាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញឧត្តមសិក្សាផ្សេងទៀត តាំងពីការចាប់ផ្តើមអនុវត្តរហូតដល់ចប់គម្រោង។
ការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយចីរភាពជាមួយផ្នែកមធ្យមសិក្សាទុតិយភូមិ គឺជាលក្ខណៈពិសេសគន្លឹះមួយទៀតនៃគម្រោង START Cambodia។
កម្មវិធីផ្សព្វផ្សាយចំនួន ២៨ ដែលបានគ្រោងទុក នឹងជួយផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងផ្នែកឧត្តមសិក្សា និងផ្នែកមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា។ គម្រោង START Cambodia និង ជម្រុញផ្នែកទាំងពីរនេះ ឱ្យប្តេជ្ញាចិត្តក្នុងការរក្សានិរន្តរភាពនៃកំណែទម្រង់។
គម្រោងនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ (១) សិស្សានុសិស្ស និងនិស្សិតកម្ពុជាទាំងអស់នាពេលអនាគត ជាពិសេសអ្នកដែលមកពីក្រុមងាយរងគ្រោះ (២)ផ្នែកឧត្តមសិក្សានៅកម្ពុជា (៣) ផ្នែកមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា និង (៤) សង្គមកម្ពុជាទាំងមូល ក៏ដូចជាផ្តល់នូវធនធាននានា ដែលប្រព័ន្ធអប់រំ (ឧត្តមសិក្សា) នៅក្រៅប្រទេសកម្ពុជាអាចយកទៅប្រើប្រាស់ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងបង្កើនសមធម៌ក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សា សំដៅឈានទៅសម្រេចបាននូវការងារសមរម្យ។